🐓កម្មវធីវ៉ាក់សាំង និងកម្មវិធីថែទាំកូនមាន់
🔺(អាយុពីកើត ដល់ ២១ ថ្ងៃ) និងមាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!
១- កូនមាន់ (អាយុពីកើត ដល់ ២១ ថ្ងៃ)
🔺កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព
➖ កើតបានអាយុមួយថ្ងៃ ត្រូវដាក់ថ្នាំអាម៉ុក និងវីតាមីនចំរុះលាយទឹកអោយចំនួន ៣ ថ្ងៃជាប់គ្នា បន្ទាប់មកវីតាមីនចំរុះ អោយផឹករាល់ថ្ងៃក៏បានដែរ
➖ ក្រោយធ្វើវ៉ាក់សាំងម្តងៗ ត្រូវលាយវីតាមីន ជាពិសេសវីតាមីនសេ ដើម្បីបង្កើនកំលាំង កុំអោយចាញ់វ៉ាក់សាំង ជាពិសេសអាចលាយថ្នាំបញ្ចុះកំដៅប៉ារ៉ា ដើម្បីជួយបញ្ចុះកំដៅដល់កូនមាន់ ពីព្រោះធ្វើវ៉ាក់សាំងហើយ កូនអាចឡើងកំដៅ ជាហេតុធ្វើអោយកូនមាន់អន់ចំណី និងងាយចាញ់វ៉ាក់សាំង
🔺កម្មវិធីវ៉ាក់សាំង
➖ កូនមាន់អាយុ ចន្លោះពេល ៣ ទៅ ៥ ថ្ងៃ ធ្វើវ៉ាក់សាំងញ៉ូកាស អាយធូ (វ៉ាក់សាំងនេះ មានទាំង អឹម និងអេស) ដោយការបន្តក់ ចូលភ្នែក ឬមាត់ ហើយបើចង់រំលឹក អាចរំលឹកបាន ក្រោយបន្ទាប់ពីធ្វើវ៉ាក់សាំងលើកមុន រយ:ពេល ៥ថ្ងៃ
➖ កូនមាន់អាយុចន្លោះពី ៧ ទៅ ១២ ថ្ងៃ ធ្វើវ៉ាក់សាំងអុតបក្សី ដោយការជួសស្លាប
➖ វ៉ាក់សាំងហ្គុំបូរ៉ូ អាចធ្វើនៅអាយុចន្លោះ ១៣ ទៅ ១៧ថ្ងៃ ហើយការលាយទឹកអោយផឹក ហើយវ៉ាក់សាំងលាយទឹកនេះ ត្រូវអោយមាន់ផឹកអោយអស់ក្នុងរយ:ពេល ២ ម៉ោងយ៉ាងយូរ
កម្មវិធីថែទាំសុខភាពកូនមាន់
➖ ត្រូវផ្តល់ចំណីដែលមានគុណភាពល្អ ងាយរំលាយ បើមិនដូច្នេះទេកូនមាន់នឹងមានបញ្ហារាកឈាម ឬរួញកធ្លាក់ស្លាប ឬរាក
➖ ត្រូវផ្តល់កំដៅដល់កូនមាន់ អោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ បើកំដៅមិនត្រូវនឹងតំរូវការរបស់វា នោះកូនមាន់ងាយផ្តាសាយ រួញក ធ្លាក់ស្លាប់ ជាពិសេសអត្រាងាប់ខ្ពស់
➖ ត្រូវគ្រប់គ្រងបរិយាកាសអោយបានល្អ ទាំងបរិយាកាសខាងក្រៅ (ខ្យល់ត្រជាក់) និងបរិយាកាសខាងក្នុង (ក្លិនមិនល្អឈួល ថប់ ខ្វះអុកសីុសែន)។ ចំណុចនេះកូនមាន់ក៏ងាប់ច្រើនដែរ ដោយសារការគ្រប់គ្រងមិនល្អ
➖ បញ្ហាទឹកត្រូវផ្តល់ទឹកស្អាត គ្មានមេរោគ
➖ ផ្តល់វាអោយនៅលើទ្រុងធ្នើរ សំណាញ់ យកល្អកុំក្រាលអង្កាម ដោយសារកូនមាន់អាចសីុក្បាលអង្កាម ដែលជាហេតុបណ្តាលអោយរាកឈាមបាន
២- មាន់ជំទង់ (អាយុពី ២១ ថ្ងៃ ដល់ ទំងន់ កន្លះគីឡូក្រាម)!
🔺កម្មវិធីប្រើប្រាស់ថ្នាំការពារថែទាំជំនួយសុខភាព
➖ ត្រូវប្រើវីតាមីនចំរុះ រាល់សប្តាហ៍ យ៉ាងហោច ៤ ថ្ងៃម្តង ដើម្បីជំនួសសុខភាព និងការលូតលាស់លឿន
➖ បើមានការប្រែប្រួលអាកាសធាតុ ត្រូវប្រើថ្នាំ អាម៉ុក អេឡិចត្រូឡិច បើបក្សីពង ប្រើបន្ថែមមួយទៀត គឺ Heparol ដើម្បីទប់ស្កាត់ ការបង្កជំងឺជាយថាហេតុ។
➖ ក្រោយពេលធ្វើវ៉ាក់សាំង ត្រូវលាយវីតាមីន ជាពិសសវីតាមីសេ លាយទឹកអោយផឹក ដើម្បីកុំអោយមាន់ចាញ់វ៉ាក់សាំង
🔺កម្មវិធីវ៉ាក់សាំង
➖នៅពេលមាន់បានទំងន់ កន្លះគីឡូ ត្រូវចាក់វ៉ាក់សាំងអាសន្នរោគ ចាក់ត្រង់សាច់ដុំ
កម្មវិធីថែទាំសុខភាពកូនមាន់
➖ ត្រូវដាក់មាន់អោយរស់នៅលើទ្រុងធ្នើរ រហូតដល់ ទំងន់ កន្លះគីឡូក្រាម ពីព្រោះដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាងាប់
➖ ក្រោយពីចាក់សាំងហើយបានមួយ សប្តាហ៍ ទៅ ១០ ថ្ងៃ បងប្អូនទំលាក់មាន់ទាំងនោះចុះមកលើដីបានហើយ ដោយចូលក្នុងទ្រុងមាន់សាច់
➖ ត្រូវផ្តល់អំពូលកំដៅ បើសិនជាអាកាសធាតុចុះត្រជាក់ ឬមានភ្លៀងរលឹមជាប់ៗគ្នា
➖ ត្រូវប្រើថ្នាំទំលាក់សត្វល្អិត ឬបរាសិត ដើម្បីជួយអោយមាន់ឆាប់ធំ និងគ្មានបរាសិត
រក្សាសិទ្ធអត្ថបទ: រស់ ឆាំងគី