ការដាំដំណាំពោតបារាំង ឬ អូក្រា


ការដាំដំណាំពោតបារាំង ឬ អូក្រា 


១. ការរៀបចំដី


- ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋប្រមាណ ៣ ដង

- មុនដាំចាំបាច់ត្រូវកាប់រណ្តៅជម្រៅ ២​ តឹក ទំហំ ២,៥ តឹក និងគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយចាប់ពី ០,៥​ ម៉ែត្រ ទៅ ១ ​ម៉ែត្រ

- យកជីកំប៉ុសដែលមានប្រភេទដីបាតបឹង លាមកគោ ដាក់ចូលក្នុងរណ្ដៅនោះ ដើម្បីរក្សាសំណើមដី

- បើយើងចង់ចៀសគីមី យើងដាំដំណាំនេះវាត្រូវហើយ គឺគ្រាន់តែយកដីបាតត្រពាំង និងជីកំប៉ុសមកលាយគ្នា ដាក់ចូលរណ្ដៅដែលបានរៀបចំរួចជាការស្រេច ។


២. ការដាំដុះ


- គេអាចដាំវាដោយកូនក៏បាន ដោយគ្រាប់ក៏បាន

- ការជ្រើសរើសការដាំដំណាំនេះដោយគ្រាប់ ងាយធំធាត់លឿន ចំណេញពេលវេលាថែទាំ

- មុនដាំ ត្រូវយកគ្រាប់របស់ពោតបារាំងទៅត្រាំទឹកមួយយប់សិន ក្រោយមកយកគ្រាប់ដែលបានត្រាំទឹករួចនោះ ទៅដាំក្នុងរណ្ដៅ ដោយក្នុងមួយរណ្ដៅដាក់គ្រាប់ពោតបារាំង ១ គ្រាប់ តែត្រូវជ្រើសរើសយកគ្រាប់ណាដែលណែនល្អ

- បើយើងដាំគ្រាប់វាធន់ជាងវាដឹងតែរស់ហើយ តែបើយើងដាំកូន អាល័យតែទៅដកកូន ទៅឆ្កឹះកូនវាស្វិត ពន្យារពេលយូរ តែបើដាំគ្រាប់វាដឹងរស់ហើយ ។


៣. ការថាំទាំ


ពោតបារាំង មិនត្រូវការជ្រោយដី បោចស្មៅ ហើយវាមិនសូវត្រូវការថែទាំច្រើននោះទេ។ ដើម្បីថែទាំដំណាំពោតបារាំង ទាន់តម្រូវការទីផ្សារ គឺគ្រាន់តែថែទាំវាដោយប្រើជីកំប៉ុសធម្មជាតិ ដូចជាទឹកនោមគោ លាមកគោ ស្រោចក្បែរដើមពោតបារាំង ជាការស្រេច។ 


ជាងនេះទៀត បើខែវស្សាស្រោចទឹកមួយសប្ដាហ៍ ១ដងបានហើយ តែបើរដូវប្រាំង ទាមទារស្រោចទឹកញឹកញាប់បន្តិច ព្រោះទឹកគឺជារឿងសំខាន់ឲ្យតែគ្រប់គ្រាន់ជាការស្រេច ហើយយើងថែមជីលាមកគោ ទឹកនោមគោ ទឹកនោមមនុស្ស លាយជាមួយគ្នាយកទៅស្រោចក្បែរចន្លោះដើមវារឹតតែល្អ។ ស្លឹករបស់ពោតបារាំង មានរាងដូចជាម្រាមដៃ ដែលមានរាងឆែកៗចាប់ពី ៥ ទៅ ៧ ឆែក។ 


ពោតបារាំង មានដើមបែកមែក និងមានកម្ពស់ ១២០ សង់ទីម៉ែត្រ ឬអាចខ្ពស់ជាងនេះ។ ផ្ការបស់វាមានពណ៌លឿង ស ក្រហម ឬស៊ីជម្ពូ ហើយផ្កាមានប្រាំត្របក អាស្រ័យទៅតាមប្រភេទពូជ។


នៅប្រទេសកម្ពុជា ដំណាំពោតបារាំង ដែលកសិករនិយមដាំដុះជាងគេ ភាគច្រើនប្រភេទពូជដែលមានផ្កាព័ណ៌ស៊ីជម្ពូ និងពណ៌លឿង ។ ពោតបារាំង ជាដំណាំប្រភេទថ្មី ដូច្នេះមិនសូវមានសត្វចង្រៃបំផ្លាញនោះទេ ។


 រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក

បង្ហាញ ប្រអប់សារ មតិ