របៀបដាំ និងថែទាំដំឡូងជ្វាដើម្បីទទួលបានទិន្នផលខ្ពស់
ដំឡូងជ្វាជាដំណាំមើមមួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអា និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណីសត្វផងដែរ ។
យោងតាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងកសិកម្មបានបង្ហាញពីរបៀបដាំ និងថែទាំដំឡូងជ្វា ដើម្បីទទួលបានទិន្នផលខ្ពស់ ដែលមានដូចខាងក្រោមនេះ ៖
១-ការជ្រើសរើសដី និងរដូវកាលដាំដុះ ៖ ដំឡូងជ្វាជាដំណាំប្រភេទយកមើម ដូច្នេះការជ្រើសរើសដីសំរាប់ដាំដុះ វាជាការសំខាន់ណាស់ ។ ដីដែលសមស្របសំរាប់ដំឡូងជ្វា គឺតំបន់ដីក្រហម ដីភ្នំ ដីល្បាប់ទន្លេ ឬស្ទឹង និងដីល្បាប់ខ្សាច់ ។ ចំណែកឯដីស្រែក៏អាចដាំដុះបានដែរ គឺដាំនៅបន្ទាប់ពីប្រមូលផលហើយ ។ ដំឡូងជ្វាគេអាចដាំបាននៅគ្រប់រដូវកាល ។ នៅរដូវភ្លៀងគេត្រូវដាំនៅលើដីទួល ឬដីមិនលិចទឹក និងជាំទឹក ។ ពេលវេលាដែលល្អសមស្របសំរាប់ដាំដំឡូងមី គឺនៅដើមរដូវភ្លៀង ។
២-ការធ្វើដី ៖ បើសិនអ្នកដាំដំឡូងនៅលើដីស្រែ ដែលទើបប្រមូលផលរួច អ្នកត្រូវភ្ជួរដីចោលឱ្យបាន២សា ។១០ថ្ងៃបន្ទាប់មកអ្នកត្រូវបាចជីលាមកគោមួយរទេះក្នុងផ្ទៃដី១០ម៉ែត្រការ៉េ រួចហើយអ្នកត្រូវរាស់ត្រឡប់ដីភ្លាម រួចទុកដីចោលរយៈពេល៣ថ្ងៃ ។ ក្រោយមកទៀតអ្នកត្រូវយកនង្គ័លភ្ជួរប្រណមរងឱ្យបានជើងរង១ម៉ែត្រ ខ្នងរង៧០សង្ទីម៉ែត្រ រួចយកចបជួយថែមដីខ្លះទៀត ដើម្បីបំពេញដីរងឱ្យស្អាតល្អ ។ អ្នកមិនត្រូវធ្វើរងតូចពេកទេ ពីព្រោះដំឡូងចុះមើមមិនបានល្អ ។ ដំឡូងជ្វាជាដំណាំដែលមានឫសវែង ដូច្នេះអ្នកគួរភ្ជួរដីឱ្យបានជម្រៅប្រហែលពី២០ទៅ៣០សង្ទីម៉ែត្រ រួចហើយហាលដីឱ្យបានពី៧ទៅ១០ថ្ងៃ រួចច្របល់ជីឱ្យបានសព្វល្អ ។
៣-ការជ្រើសរើសទងសំរាប់ដាំ ៖ ត្រូវជ្រើសរើសទងណាដែលថ្លោស និងខ្ចីល្មម ហើយដែលមានអាយុពី៤០ទៅ៥០ថ្ងៃ និងមានថ្នាំងញឹកល្អ ។ ប្រវែងទងដែលសមស្របល្អសម្រាប់ដាំនោះគឺមានប្រវែងពី១០ទៅ៣០សង្ទីម៉ែត្រ ហើយមិនត្រូវយកទងណាដែលមានឫសដុះច្រើននៅតាមថ្នាំងនោះទេ ម្យ៉ាងទៀតត្រូវកាត់ស្លឹកនៅជាប់ទងចោលមួយចំនួន ប៉ុន្តែត្រូវទុកខ្លះ ។
៤-ការរក្សាពូជទុកសំរាប់ដាំ ៖ ប្រសិនបើដាំដំឡូងជ្វានៅរដូវសម្រក ត្រូវដាំពូជស្រាល ហើយត្រូវត្រៀមពូជទុកតាំងពីខែកក្កដា ដោយគ្រាន់តែដាំដំឡូងទុកនៅលើដីទួល ឬនៅតាមរានខ្ពស់ៗ ដែលដីមានជីជាតិល្អ ហើយមិនត្រូវឱ្យដំឡូងត្រូវកំដៅថ្ងៃពេកទេ គឺដើម្បីរក្សាដើមដំឡូងឱ្យនៅខ្ចីល្អ ដើម្បីទទួលបានផលច្រើន ។
៥-វិធីដាំ ៖ ការដាំដំឡូងជ្វា វាអាស្រ័យទៅតាមប្រភេទដី ប្រសិនបើដីល្អជាដីមាត់ទន្លេ អ្នកអាចដាំបានពីរជួរនៅលើរងមួយ ប៉ុន្តែបើនៅលើប្រភេទដីស្រែអ្នកដាំតែមួយជួរនៅលើរងមួយជាការល្អ ។ ចន្លោះនៃការដាំពីដើមមួយទៅដើមមួយប្រវែងពី៣០ទៅ៥០សង្ទីម៉ែត្រ ហើយចន្លោះពីរងមួយទៅរងមួយគឺប្រវែង១ម៉ែត្រ ។ ត្រូវដាក់ទងដំឡូងកប់ដីឱ្យផ្អៀងប្រហែល៤៥ដឺក្រេ ដោយឱ្យចុងទងដំឡូងផុតពីដីមួយថ្នាំ ឬពីរថ្នាំ ។
៦-ការថែទាំ ៖ ការថែទាំវាជាការងារសំខាន់ណាស់ដើម្បីទទួលបានទិន្នផលខ្ពស់ ។ នៅពេលអ្នកដាំដំឡូងរួច ភ្លាម ត្រូវយកចំបើង ឬស្មៅក្រៀម ឬកំប្លោកគ្របពីលើរងឱ្យជិត ដើម្បីការពារកុំឱ្យក្តៅពេក ឆាប់ខ្សោះទឹកពីក្រោមដី ហើយម្យ៉ាងវិញទៀត ដើម្បីការពារដៃដំឡូងកុំឱ្យប៉ះទៅនឹងដីនាំឱ្យវាចាក់ឫសច្រើន ។ បើសិនដំឡូងល្អខ្លាំងពេកអ្នកត្រូវឧស្សាហ៍បេះត្រួយ ឬក៏ត្រូវកាត់រំលែកដើមខ្លះ ដើម្បីឱ្យមើមរបស់វាថ្លោសល្អ ហើយអ្នកអាចយកមើលដែលកាត់នោះទៅធ្វើជាចំណីរបស់សត្វ ។ ទងដៃដំឡូងមិនត្រូវឱ្យវារលើសពី២ម៉ែត្រឡើយ ។ អ្នកមិនត្រូវស្រោចទឹកឱ្យជោកជាំពេកទេ ពីព្រោះវាអាចនាំឱ្យដីក្តាំង ។ បើរាំងភ្លៀងយូរពេក អ្នកត្រូវជ្រួយដីឱ្យម៉ដ្ឋ ពូនរងថែមឱ្យកម្ពស់៣០សង្ទីម៉ែត្រ ។ អ្នកត្រូវសំអាតស្មៅចោលពេលដំឡូងនៅតូច ហើយគួរជ្រួយពូនជុំវិញគល់ ដើម្បីឱ្យដំឡូងចុះមើលល្អ ។ អ្នកត្រូវប្រុងប្រយ័ត្ននៅពេលជ្រួយដីមិនត្រូវឱ្យដាច់ឫសរបស់ដំឡូងឡើយ ពីព្រោះវាប៉ះពាល់ដល់ការចុះមើមរបស់ដំឡូង។
៧-ការប្រមូលផល ៖ អ្នកអាចប្រមូលផលដំឡូងជ្វាបាននៅពេលដំឡូងជ្វាបានអាយុពី៩០ទៅ១៥០ថ្ងៃបន្ទាប់ពីដាំរួច ។ ម្យ៉ាងទៀតនៅពេលដំឡូងជ្វាជិតគ្រប់ខែប្រមូលផល គួរឧស្សាហ៍ឆ្កឹះគល់ឱ្យចំមើម ដើម្បីពិនិត្យមើលមើមដំឡូង ដើម្បីឱ្យដឹងថា តើមើមដំឡូងមានគឹងស៊ីឬទេ បើគឹងមិនទាន់ស៊ីមើមដំឡូងទេ អ្នកអាចពន្យារពេលប្រមូលផលមួយរយៈទៀត ដើម្បីមើមកាន់តែធំល្អ ។ ប្រសិនបើអ្នកដាំដំឡូងនៅរដូវប្រាំង អ្នកមិនត្រូវទុកឱ្យយូរពេកទេ ពីព្រោះវាអាចនាំឱ្យគឹងស៊ីមើមរបស់ដំឡូង អ្នកអាចប្រមូលផលដំឡូងដោយគាស់នឹងចបចំពោះផ្ទៃដីតូចៗ បើអ្នកដាំជាលក្ខណៈចម្ការធំៗអ្នកអាចប្រមូលផលដំឡូងដោយភ្ជួរ ហើយដើររើសមើមតែម្តង ៕
(កែសម្រួលដោយ ៖ ធីតា)
អានបន្ថែម ៖ https://kohsantepheapdaily.com.kh/article/884178.html