បច្ចេកទេសនៃការដាំដំណាំល្ហុង
១. ការជ្រើសរើសពូជ និងការត្រៀមពូជសម្រាប់ដាំចំពោះលក្ខណៈពូជដែលត្រូវជ្រើសរើសមានផ្លែធំវែង ផ្លែច្រើន មិនដាច់ដើមមានសុខភាពល្អ។ នៅពេលដែលផ្លែទុំល្អ ពុះយកគ្រាប់ចេញពីផ្លែទៅលាងទឹកឲ្យជ្រះរំអិល រួចយកទៅហាល ឬសំដិលរហូតស្ងួត ២-៣ ថ្ងៃ ទើបយកទៅច្រកកែវទុក។
២.ការបណ្តុះកូន
យកគ្រាប់ទៅបណ្តុះ មុននឹងយកទៅដាក់ដាំក្នុងចំការ។ យកដីដែលមានជីជាតិច្រកចូលក្នុងថង់ប្លាស្ទិកខ្មៅដែលត្រៀមរួចជាស្រេច បន្ទាប់មកយកគ្រាប់ទៅត្រាំទឹករយៈពេល ២ថ្ងៃ និងផ្អាប់ទុករយៈពេល ៧ថ្ងៃ (ឲ្យដុះពន្លកសៗ) ទើបយកទៅដាក់ដាំនៅក្នុងថង់ពី ៣-៤គ្រាប់ ក្នុង ១ថង់។ ក្រោយពីដាក់គ្រាប់បណ្តុះហើយ ត្រូវស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ដើម្បីឲ្យកូនល្ហុងលូតលាស់ល្អ។ ចំពោះថ្នាលបណ្តុះកូន ត្រូវប្រក់រោងសំណាញ់ ដើម្បីកុំឲ្យកូនល្ហុងត្រូវពន្លឺខ្លាំងពេក។
៣.ការរៀបចំដីដាំ
ក្នុងការរៀបចំដីដាំ ភ្ជួរហាលដី ៤-៥លើក ដោយចន្លោះពីមួយលើកទៅមួយលើកមានរយៈពេល ១០ថ្ងៃ។ នៅពេលភ្ជួរលើកទី១ ដាក់ជីលាមកសត្វពុកផុយ ១,៥ ទៅ ២តោន ភ្ជួរលុបលើផ្ទៃដី ១៣អារ។ ក្រោយពីភ្ជួររាស់ហាលដី រួចលើកជារងដែលមានទទឹង ១,៥ម៉ែត្រ បណ្តោយទៅតាមស្ថានភាពដី។ នៅលើរងជីករណ្តៅជាជួរ រណ្តៅនិមួយៗទំហំ ៣តឹកបួនជ្រុង និងជំរៅ ៣តឹក ដោយទុកចន្លោះពីររណ្តៅមួយទៅមួយ ២,៥ ម៉ែត្រ។ នៅក្នុងរណ្តៅនិមួយៗ ត្រូវដាក់ជីលាមកសត្វពុកផុយច្របល់ជាមួយដីឲ្យសព្វ។
៤.ការដាំ
ចាប់ផ្តើមយកកូនល្ហុងទៅដាំនៅចុងខែមេសា ឬដើមខែឧសភា ដែលជាដើមរដូវ ដើម្បីកាត់បន្ថយការស្រោចទឹក។ កូនល្ហុងដែលគេយកមកដាំមានអាយុ ៤៥ថ្ងៃ យកមកហែកថង់ចេញ រួចដាក់ក្នុងរណ្តៅ បន្ទាប់មកយកដីនៅមាត់រណ្តៅលុបសង្កត់ឲ្យណែន រួចយកកំទេចចំបើងគ្របជុំវិញគល់ និងស្រោចទឹកឲ្យជោគ។ ក្នុងមួយរណ្តៅដាំមួយដើម ដោយជ្រើសរើសយកតែកូនល្ហុងដែលមានសុខភាពល្អ។
៥.ការថែទាំ
នៅពេលល្ហុងនៅតូច ត្រូវស្រោចទឹក ១ថ្ងៃម្តង ដោយប្រើទុយយោបាញ់នៅលើស្លឹករហូតដល់ល្ហុងធំចេញផ្កា បញ្ចូលទឹកនៅតាមចន្លោះរង ៣ថ្ងៃម្តង លៃយ៉ាងណាកុំឲ្យដីស្ងួតពេក ឬសើមពេក។ ក្រៅពីការស្រោចទឹក ត្រូវឧស្សាហ៍ពូនគល់ គឺនៅពេលដែលសង្កេតឃើញឫសល្ហុងមួយចំនួនដុះលើផ្ទៃដី និងក្រោយការប្រមូលផលលើកទី ២។ ល្ហុងជាដំណាំដែលត្រូវការពន្លឺថ្ងៃ ដូច្នេះត្រូវកាច់មែកងាប់ៗនៅក្បែរគល់ប្រមូលចោល និងធ្វើស្មៅក្បែរគល់ ដើម្បីកុំឲ្យមានភាពស៊ុបទ្រុបឲ្យពន្លឺចាំងចូលគ្រប់គ្រាន់។
ក្នុងការដាំល្ហុងនេះ គេតែងជួបប្រទះនូវសត្វល្អិត និងជំងឺមួយចំនួនដូចជា ជំងឺរលួយគល់ ធ្វើឲ្យស្លឹកស្រពោន រលួយឫស និងគល់ត្រឹមស្មើដីតែម្តង ជំងឺពុកឫសកែវធ្វើឲ្យស្លឹកឡើងលឿង និងបញ្ឈប់ការចេញផ្លែ ជំងឺឆ្កួតត្រួយ ធ្វើឲ្យត្រួយរួញ ហើយផ្អាកការចេញផ្លែ។
ចំពោះវិធានការណ៍កំចាត់ បើល្ហុងនៅតូចត្រូវដកដើមចោល ឬ កាត់ស្លឹក ឬ ត្រួយដែលកើតជំងឺចោល។ ចំពោះសត្វល្អិតមានក្រាមរោមផ្លែ ដែលធ្វើឲ្យផ្លែមិនសូវលូតលាស់ ហើយគ្មានរសជាតិ។ ករណីសត្វក្រារោមផ្លែគេមិនទាន់មានវិធានការណ៍កំចាត់ទេ ប៉ុន្តែវាកើតមានតិចតួច ប៉ុណ្ណោះ។
៦.ការប្រមូលផល
ក្រោយពេលដាំបានរយៈពេល ៥ខែ គេប្រមូលផលផ្លែល្ហុងចាស់លក់។ ការបេះធ្វើឡើងបន្តបន្ទាប់ក្នុងរយៈពេល ៦ខែ ទៅ ១ឆ្នាំ ក្រោយពីបេះលើកទី១ រហូតដល់ខ្សោយ ទើបកាប់ដើមចាស់ចោល និងដាំថ្មីឡើងវិញ។
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំល្ហុងមាន៖
-ជ្រើសរើសពូជដែលមានផ្លែធំវែង និងទុំល្អទុកធ្វើពូជ
-បណ្តុះគ្រាប់ និងថែទាំឲ្យកូនល្ហុងមានសុខភាពល្អ មុនយកទៅដាំក្នុងចំការ
-ភ្ជួរដីហាលច្រើនសារឲ្យដីធូរ និងស្ងួតទឹក
-រៀបចំរណ្តៅជាជួរដាំនៅពេលមានអាយុ ៤៥ថ្ងៃ ដោយជ្រើសរើសតែកូនមានសុខភាពល្អ
-ថែទាំគ្រប់គល់ ពូនគល់ បោចស្មៅ និងកាច់ស្លឹកងាប់ៗនៅខាងក្រោមចោលស្រោចទឹកពេលល្ហុងនៅតូច និង ៣ថ្ងៃម្តង ពេលផ្កា៕
រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក