ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានខិតចូលជិតមកដល់ ពលរដ្ឋខ្មែរគ្រប់ៗគ្នាសុទ្ធទន្ទឹងរង់ ចាំពេល វេលានេះឱ្យមកដល់ឆាប់ៗ នឹងបានសម្រាកពីការងារ ឬការសិក្សា ដើម្បីបានជួបជុំ ក្រុមគ្រួសារ និងដើរកំសាន្តទៅកន្លែងទេសចរណ៍នានាមិនថាក្នុង ឬក្រៅប្រទេស។
សម្រាប់កន្លែងកំសាន្តក្នុងប្រទេស នាពេលបច្ចុប្បន្នមានការបង្កើតរមនីយដ្ឋានថ្មីៗជាច្រើន ដែលលោកអ្នកអាចអញ្ចើញទៅលេងកំសាន្តបាន ដើម្បីទទួលនូវអារម្មណ៍លំហែកាយ ក៏ដូចជា ទទួលយកនូវទស្សនីយភាពធម្មជាតិថ្មីៗបានទៀតផង។
ក្នុងនោះ មានតំបន់ទេសចរណ៍៍ថ្មីៗទាំង ៦ នេះ ដែលអ្នកគួរដាក់នៅក្នុងគម្រោងដើរកំសាន្តនា ថ្ងៃចូលឆ្នាំថ្មី ដោយក្នុងនោះមានដូចជា៖
១ . ជីផាត់
តំបន់អេកូទេសចរណ៍ជីផាត ស្ថិតនៅក្នុងស្រុកជីផាត់ ខេត្តកោះកុង។ តំបន់នេះ ជាប្រភេទតំបន់ ធម្មជាតិ ដែលមានទាំងព្រែក ទឹកធ្លាក់ ព្រៃភ្នំ សាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ ស្ទូចត្រី ហែលទឹក និងបោះតង់ជាដើម។ ក្រៅពីនោះ ជីផាត ក៏ជាជម្រកនៃដែនសត្វព្រៃជាច្រើន ដូចជាបណ្តុំនៃព្រៃលិចទឹកយ៉ាងធំមួយនៅក្នុងអាស៊ីអាគ្នេយ៍។
តំបន់នេះនៅមិនទាន់មានការវិនិយោគទ្រង់ទ្រាយធំណាមួយនៅបានលេចវត្តមាននៅទីនោះនៅឡើយទេ ដូច្នេះហើយភាពសាមញ្ញ និងធម្មជាតិពិតៗ គឺនៅរក្សាបានយ៉ាងល្អនៅទីនោះ។ សម្រាប់ការស្នាក់ អ្នកអាចជួលជាតង់សម្រាប់គេង ឬស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ដែលទទួលភ្ញៀវទេសចរណ៍តាមលក្ខណៈសហគមន៍។
២. កោះសាមសិប
កោះសាមសិប គឺជាតំបន់ទេសចរណ៍ថ្មីមួយ មានទីតាំងនៅឯ ភូមិប៉ុនជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តំបន់នេះមិនសូវមានអ្នកស្គាល់ប៉ុន្មាននោះទេ ព្រោះវាទើបតែមានការអភិវឌ្ឍ ឱ្យក្លាយជារមនីយដ្ឋានប្រភេទអេកូទេសចរណ៍។ កោះនេះត្រូវបានគេដាក់ឈ្មោះថា “កោះ សាមសិប” ដោយសារតែវាមានលក្ខណះជាបណ្តុំកូនកោះតូចៗ ប្រមាណជាងសាមសិបកោះ ផុសចេញតាមបណ្តោយទន្លេមេគង្គ។
កោះនេះមានវាលខ្សាច់យ៉ាងស និងមានជម្រកសត្វស្លាបយ៉ាងសម្បូរបែបទៀតផង។ សម្រាប់អ្នក ដែលចង់ទៅកំសាន្ត អ្នកអាចស្នាក់នៅជាលក្ខណៈបោះបង់លើកោះឫស្សី (ដែលជាកោះធំមួយនៅ ក្នុងរង្វង់កោះសាមសិប) ដោយក្នុងនោះ អាចក៏អាចគេងស្តាប់សម្លេងសត្វយំរកគ្នា ហាក់ដូចជា តន្ត្រីកំដរអារម្មណ៍មួយអញ្ចឹងដែរ។
៣. កោះហាន
នៅខេត្តស្ទឹងត្រែង ក៏មានរមនីយដ្ឋានទេសចរណ៍ដ៏ស្រស់បំព្រង តែមិនសូវមានអ្នកស្គាល់ ច្រើនម្នាក់ដែរ។ ក្រៅពីទឹកធ្លាក់សុភមិត្រ (ឬល្បាក់ខោន) អ្នកដែលចង់ទៅកំសាន្តនៅ ខេត្តស្ទឹងត្រែងក៏មិនត្រូវរំលង “កោះហាន” ដែរ។ កោះហានមានទីតាំងនៅស្រុកសាមគ្គី ខេត្តស្ទឹងត្រង។ កោះនេះមានលក្ខណះពិសេសត្រង់ថា វាមានទឹករាក់នៅជាមួយនឹង ដើមឈើដ៏ធំៗ ដុះចាក់ស្រេះគ្នា ហាក់ដូចជាព្យាយាមការពារអ្នកទេសចរណ៍ឱ្យត្រជាក់ចិត្ត មិនឱ្យត្រូវពន្លឺថ្ងៃនោះឡើយ ដែលវាល្អបំផុតសម្រាប់ខែប្រាំងនាពេលចូលឆ្នាំថ្មីនេះ។
អ្នកដែលទៅកំសាន្តនោះទីនោះអាចលេងទឹក និងជិះទូកមើលទេសភាពដើមឈើដុះប្រលែងនឹង ទឹកឡើងថ្លាមើលឃើញដល់បាត។ សម្រាប់ទូក អ្នកអាចជួលទូកអ្នកភូមិដោយមានគេអុំឱ្យក៏ បាន ឬក៏ជួលទូកកាយ៉ាក់អុំដោយខ្លួនឯងក៏បាន។
៤. កោះស្តេច
ថ្វីបើមនុស្សជាច្រើនសុទ្ធតែធ្លាប់លឺឈ្មោះកោះស្តេចហើយ ប៉ុន្តែតំបន់នេះនូវតែមិនទាន់សូវមាន អ្នកបានទៅដល់ច្រើននៅឡើយ ព្រោះតែការធ្វើដំណើរនៅមិនទាន់មានភាពងាយស្រួល ពោលគឺ ត្រូវជួលឡាន និងទូកជិះដើម្បីទៅដល់ទីនោះ។ ថ្វីត្បិតតែបែបនេះមែន តំបន់ទេសចរណ៍កោះស្តេច មានទេសភាពស្អាតមិនចាញ់ឆ្នេរ និងកោះនៅខេត្តព្រះសីហនុ ប៉ុន្មាននោះទេ។
ផ្ទុយទៅវិញ ដោយសារតែមិនទាន់មានមនុស្សទៅដល់ច្រើន តំបន់នេះអាចរក្សាភាពដើមរបស់ ខ្លួនបានយ៉ាងល្អ ខណៈដែលការចំណាយចាយវាយដើម្បីស្នាក់នៅ និងញ៉ាំអាហារនៅលើកោះស្តេច ក៏មានតម្លៃសមរម្យច្រើនដែរ ពោលគឺបើប្រៀបធៀបទៅនឹងតំបន់ទេសចរណ៍នាខេត្តព្រះសីហនុ ការចំណាយទៅកំសាន្តនៅកោះស្តេចគឺអស់តិចជាងច្រើនណាស់។
៥. ឆ្នេរតាបារាំង
ឆ្នេរតាបារាំងនេះជាកន្លែងទេសចរណ៍ថ្មីមួយដែលមានមនុស្សតិចណាស់ដែលធ្លាប់លឺ ឬទៅដល់។ ឆ្នេរតាបារាំងនេះ មានចម្ងាយជិត ពោលគឺត្រឹមតែប្រហែល ១៩០ គីឡូម៉ែត្ រប៉ុណ្ណោះពីរាជធានី ភ្នំពេញ។ ឆ្នេរនេះមានខ្សាច់សក្បុស ប្រៀបបាននឹងកោះរ៉ុងសន្លឹមដែរ ប៉ុន្តែការធ្វើដំណើរគឺបាន បើកទៅបាន យ៉ាងងាយស្រួលតាមឡាន ពោលគឺមិនចាំបាច់ជិះទូកទៅដូចជាកោះរ៉ុងនោះទេ។
ម្យ៉ាងវិញទៀត ឆ្នេរនេះមិនទាន់មានមនុស្សច្រើនទៅដល់ ដូច្នេះហើយទេសភាពរបស់វាគឺនៅស្រស់ បំព្រមល្អ មិនមានសំរាម ឬទឹកកង្វក់អ្វីនៅទីនោះឡើយ។ សម្រាប់អ្នកដែលចង់ទៅកំ សាន្តនៅ ទីនោះ អ្នកអាចជិះតាមផ្លូវជាតិលេខ ៤ ដល់គីឡូម៉ែត្រលេខ ១៦៣ ( ហួស ៥០០ ម៉ែត្រ) ដល់ម្តុំដែលគេហៅថា “តានៃ” រួចបត់ចូលខាងស្តាំដៃ ហើយជិះទៅក្នុងរហូតនឹងបាន ឃើញ។
៦. ភ្នំណាមលៀវ
ក្រៅពីសមុទ្រឈើ ទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ ខេត្តមណ្ឌលគីរីមានរមណីយដ្ឋានទេចរណ៍ ល្បីមួយទៀតមួយថា ភ្នំថាភ្នំណាមលៀវ ។ ភ្នំនេះមានលក្ខណៈពិសេស ដោយមានពណ៌ខ្មៅ និងមិនមានព្រៃឈើ ឬស្មៅដុះនៅពីលើនោះទេ។
ថ្មភ្នំពណ៌ខ្មៅ អមដោយព្រៃឈើនៅខាងក្រោមបង្កើតជាទេសភាពមួយដ៏ពិសេសកម្រមាន ដែលអាចឱ្យភ្ញៀវទេសចរណ៍ថតរូប លំហែកាយបានយ៉ាងសប្បាយរីករាយ។ នៅតំបន់នោះ ពោរពេញទៅដោយខ្យល់បរិសុទ្ធ និងស្ងប់ស្ងាត់ណាស់ ល្អបំផុតសម្រាប់អ្នកដែលចង់បន្ធូរអារម្មណ៍ ពីភាពស្ត្រេសផ្សេងៗប្រចាំថ្ងៃ។
គូសបញ្ជាក់ផងដែរថា រមនីយដ្ឋានទេសចរណ៍ទាំង ៦ ខាងលើនេះ សុទ្ធតែមានលក្ខណៈពិសេស រៀងៗខ្លួន និងពោរពេញទៅដោយសក្តានុពលក្នុងការវិនិយោគ និងអភិវឌ្ឍន៍បន្ថែម។
ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការវិនិយោគណាមួយជាលក្ខណៈ អន្តរជាតិបានចូលទៅអភិវឌ្ឍន៍តំបន់ទាំងនោះទេ ដោយសារតែតំបន់ខ្លះនៅតាមលក្ខណៈ ដាច់ស្រយាលនៅឡើយ ហើយមិនសូវមានមនុស្សទៅកំសាន្ត ឬរស់នៅច្រើន។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាតំបន់ទេសចរណ៍ទាំងនោះអាចមានការអភិវឌ្ឍឱ្យបានល្អ និងមានការអភិរក្សខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសម្រាម ក៏ដូចជាប្រព័ន្ធអេកូសាស្ត្រ ដែលនៅជុំវិញនោះ វានឹងផ្តល់ជាចំណូលយ៉ាងច្រើនដល់ប្រទេសកម្ពុជា៕
រៀនដើម្បីធ្វើស្រែ ដោយ ចិត្តដែក